Tuesday, December 18, 2012

Hello Axiata និង Smart Mobile នឹងរួមបញ្ចូលគ្នាតែមួយ

ក្លាយទៅជាក្រុមហ៊ុនធំជាងគេទី​2 ដែលមាន​សេវាគ្របដណ្តប់​កាន់តែធំទូលាយ និងមានអតិថិជន​ 5លាននាក់


Axiata Group Berhad (ហៅកាត់ថា ​Axiata)​ ជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេ​បង្អស់​មួយនៅអាស៊ី បាន ចេញ សេចក្តីប្រកាស នៅថ្ងៃនេះ​ អំពីការរួមបញ្ចូលគ្នា​តែមួយរវាង​ក្រុមហ៊ុន​​ Hello Axiata Company Limited (ហៅកាត់ថា “Hello”) ​និង ក្រុមហ៊ុន​​ Latelz Company Limited (ហៅកាត់ថា “Latelz”)។

ការរួមបញ្ចូលគ្នានេះ​ នឹងបង្កើត​ចេញជា​ក្រុមហ៊ុនទូរគមនាគមន៏ធំជាងគេ​បង្អស់​ទី2 នៅកម្ពុជា​ ដែលមាន​អតិថិជនសរុបចំនួន 5លាន​នាក់។
លោក​ សៃម៉ុន ពើរឃីន (Simon Perkins) អគ្គនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​Hello Axiata បានមាន​ប្រសាសន៍ថា នេះគឺជាពេលវេលាដ៏ សមស្រប សំរាប់ការ​រួមបញ្ចូលគ្នា​ ក្នុងទីផ្សារ ទូរគមនាគមន៍ នៅកម្ពុជា។​

“ក្នុងពេលបច្ចុប្បន្ននេះទីផ្សារកម្ពុជាមានក្រុមហ៊ុនទូរគមនាគមន៍ ចំនួន  9 ហើយយើងខ្ញុំមានជំនឿថា តាមរយៈ ការរួមបញ្ចូលគ្នា ចំនួន ប្រតិបត្តិករនឹងថយចុះមក ត្រឹម ​3 ទៅ 5​ ប៉ុណ្ណោះ។ ពេលវេលាគឺពិតសមស្របណាស់ ហើយយើងក្នុង នាមជាក្រុមហ៊ុន Smart​​ Mobile និង Hello ពិតជាមាន​មោទនភាពក្រៃលែង ក្នុងការធ្វើជាអ្នកនាំមុខគេនៅប្រទេសកម្ពុជា។”

លោក​ ពើរឃីន បន្តទៀតថា      ការរួមបញ្ចូលគ្នានេះ នឹងធ្វើអោយក្រុមហ៊ុនកាន់តែធំ និង មានប្រៀបលើសគេខាងផ្នែកតម្លៃ ព្រម​​ជាមួយ នឹងការ កាត់បន្ថយចំណាយណាដែលគ្មានភាពចាំបាច់។ ម្យ៉ាងវិញទៀត ការរួមបញ្ចូល​គ្នា​នេះ​ មុខជាជួយសំរួល ដល់ការពួតផ្តុំកម្លាំងគ្នា     និងការចែករំលែកគ្នាទៅវិញទៅមក​ នូវទំលាប់ការងារ​ដ៏ប្រសើរ​​បំផុត រវាង Hello Axiata និង Smart Mobile។លោក​ ក៏បានបន្ថែម ទៀតផងដែរថា “យើងជឿជាក់ ថា ការរួមបញ្ចូល​គ្នា​​ នេះនឹងធ្វើអោយក្រុមហ៊ុនយើងមានមូលដ្ឋានកាន់តែរឹងមាំ និងអនុញ្ញាត្តអោយយើង​រីក ចំរើនកាន់តែ ខ្លាំងឡើងៗ ថែមទៀត។”

លោក ថូម៉ាស​ ហ៊ុន​ (Thomas Hundt) អគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន​ Latelz មានប្រសាសន៍ថា ក្រុមហ៊ុនរួមនេះនឹង ​ផ្តល់ជូនទៅអតិថិ ជន​ទាំង 5 ​លាននាក់ ជាមួយនឹងផលិតផល និង សេវាចល័តថ្មីៗដែលនាំមុខគេ ដោយមានតម្លៃសមរម្យ សំរាប់ការ​ប្រើប្រាស់សេវា ទូរស័ព្ទ ចល័តនិយាយរកគ្នា និងការប្រើសេវាអ៊ិនធឺណេតចល័ត។​ សំរាប់ការរួមបញ្ចូលគ្នានេះ Smart Mobileនាំមកនូវ​​កិច្ចប្រតិបតិ្តការដ៏ មាន ប្រសិទ្ឋភាព​ កម្លាំង​ការងារដ៏មានសមត្ថភាពខ្ពស់ វត្តមានពាណិជ្ជសញ្ញាដ៏ ខ្លាំងក្លា ព្រមទាំងមូលដ្ឋានទ្រព្យ និង​ ហ្រ្វេកង់កាន់តែធំទូ លាយ ទៀតផង ។ ជាមួយគ្នានេះដែរ Hello ក៏មានមូលដ្ឋានអតិថិជន ដ៏រឹងមាំ ព្រមទាំង អានុភាព និងទំហំដ៏សំបើមរបស់ Axiata Group ផង ដែរ។

លោកហ៊ុន មានមតិបន្ថែមថា “យើងមានក្តីរំភើបរីករាយណាស់ ចំពោះលទ្ឋភាព​នានា​ដែលលេចចេញពីការបញ្ចូលគ្នាតែមួយ ដោយបាន ពង្រីកសហគមន៏ ក្នុងប្រព័ន្ធ ជូនទៅដល់អតិថិជនរបស់យើងទាំងអស់។ជាមួយគ្នានេះសេវាបំរើអតិថិជន នឹងកាន់ តែពង្រឹងថែមទៀត ព្រម ជាមួយនឹង ប្រព័ន្ធទូរគមនាគមន៍ចល័តធំជាងគេបំផុតមួយនៅប្រទេសកម្ពុជា ដែលគិតតាមតំបន់ សេវាគ្របដណ្តប់ផង និង សមត្ថភាព របស់ប្រព័ន្ធសេវាផង ។​  យើងក៏នឹងមានសាខាលក់         និង​ ចែកចាយធំទូលាយ ជាងគេបង្អស់ នៅប្រទេសកម្ពុជាផងដែរ។ លោកបាន បន្ថែម​ទៀតថា “យើងខ្ញុំសង្ឃឹមថា​ការរួមបញ្ចូលគ្នានេះ​ នឹងចប់ សព្វគ្រប់នៅចុងត្រីមាសទី 1 នៃឆ្នាំ 2013 ក្នុងកំឡុងនេះក្រុមហ៊ុន Hello និង Smart  Mobile នឹងនៅតែបន្តប្រតិបត្តិការ ​រាងៗខ្លួន​ដូចមុនដដែល និងមិនមានប៉ះពាល់​អ្វីដល់សេវាដែលអតិថិជនរបស់យើង កំពុងរីករាយ ទទួលបាននៅពេលបច្ចុប្បន្ននេះទេ។​

-------

អំពី ក្រុមហ៊ុន​​ Hello Axiata
Hello Axiata Company Limited ជាសាខាមួយរបស់ក្រុមហ៊ុន Axiata Group Berhad (ហៅកាត់ថា Axiata) ដែលជាប្រព័ន្ធទូរគមនាគមន៏ ចល័តធំជាងគេ​បំផុតមួយនៅកម្ពុជា។
ក្រុមហ៊ុន ​​ Hello តែងតែឈរនៅជួរមុខគេ​ខាងគំនិត​ផ្តើមថ្មីៗ នៃឧស្សាហកម្ម​ចល័តនៅកម្ពុជា ចាប់តាំងពីទសវត្ស 90 រៀងមកដែលធ្វើ អោយក្រុមហ៊ុននេះមាន លក្ខណ:បច្ចេកវិជ្ជាឡើងខ្ពស់ស្មើនិងប្រទេសអភិវឌ្ឍន៏នានាក្នុងពិភពលោក។ ក្រុមហ៊ុននេះ ដំណើរការ តាមសេវាចល័ត 2G, 2.5G, 3G និង​ 3.75G អាចគាំទ្រនូវសេវា multimedia និងសេវា​ Internet ចល័ត ហើយ​និងសេវា international roaming ទៅកាន់ប្រទេសចំនួន​ 147។​ ក្រុមហ៊ុនមានសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ នៅគ្រប់ទីក្រុង​ទីប្រជុំជន គ្រប់ខេត្ត និងតាម បណ្តោយ ផ្លូវជាតិសំខាន់ៗ របស់កម្ពុជា។

អំពី ក្រុមហ៊ុន​​ Latelz
ក្រុមហ៊ុន ​​ Latelz Co., Ltd. ជាកម្មសិទ្ធ របស់ក្រុមហ៊ុនទូរគមនាគមន៏ អន្តរជាតិមួយ ហៅ ថា​ Timeturns Holding Limited  ស្ថិតនៅប្រទេស ស៊ីប្រឺស ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងវិស័យទូរគមនាគមន៏តាមបណ្តា​ ប្រទេសមួយចំនួននៅ​ទ្វីបអាស៊ី និង អាហ្វ្រិក។ Latelz ទទួលបានអាជ្ញាប័ណ្ណដំណើរការអាជីវកម្ម ជាប្រតិបត្តិករទូរគមនាគមន៏ចល័តនៅព្រះរាជាណាចក្រកម្ពុជា។
Latelz ប្រតិបត្តិការប្រព័ន្ធទូរគមនាគមន៍ចល័តដោយប្រើបច្ចេកវិទ្យា GSM/GPRS/EDGE នៅលើហ្រ្វេកង់ស៍ GSM900​ និង GSM1800 រួម ជាមួយនឹង​បចេ្ចកវិទ្យា​​ 3.75G UMTS/HSPA+ ជាមួយពាណិជ្ជសញ្ញា Smart Mobile និងក្បាលលេខទូរស័ព្ទ 010, 069, 070, 086, 096, 093, ​និង 098។​ សេវា2G​​ របស់ Smart Mobile​ គ្របដណ្តប់ទូទាំងផ្ទៃប្រទេសនៅក្នុង​ 24 ខេត្តក្រុង ហើយសេវា  3.75G ក៏មាន 24 ខេត្តក្រុង នៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ។ បុគ្គលិក Smart Mobile មានចំនួនជាង 450 នាក់ ក្នុងនោះមានទាំងអ្នកជំនាញ​ក្នុងប្រទេស និង ក្រៅ ប្រទេស។

-----------------------------------------------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment